កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០២:៣០នាទី នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងមកនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ល្បាតក្នុងភូមិសាស្រ្ដក្រុងច្បារមន បានធ្វើការបង្ក្រាបជាក់ស្ដែងនិងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចស្តុបច្បារមន ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។
ជនសង្ស័យមាន:ទី១.ឈ្មោះ ទឹម រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងលេីក សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្ដកំពង់ស្ពឺ និងទី២.ឈ្មោះ សុឹម តុលា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ដកំពងលស្ពឺ។
កម្លាំងអាវុធហត្ថចាប់យកវត្ថុតាងបានរួមមាន:ម្សៅក្រាមសរថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់(ទម្ងន់៣.៤៨ក្រាមថ្លឹងទាំងសំបក),ម៉ូតូចំនួន០១គ្រឿងHonda Scoppy ឆ្នាំ2025 ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1AA-9686,ទូរសព្ទ័ដៃចំនួន០៣គ្រឿង និងដែកកេះចំនួន០១។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

