រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការងារ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកការជួយសម្រាលបន្ទុកលើការចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ។
សម្តេចបវរធិបតី បានសរសេរលើបណ្តាញសង្គម នៅយប់ថ្ងៃទី១៩ មីនា ឆ្នាំ២០២៦យ៉ាង ដូច្នេះថា : ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុក ចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត ។
ជាមួយគ្នានោះដែរសម្តេចបវរធិបតីនាយក រដ្ឋមន្ត្រីសង្ឃឹមថា : ភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាន នូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាន នូវភាពប្រកួតប្រជែង នៃឧស្សាហកម្មរបស់យើងផង ៕

